ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំគណៈប្រតិភូខេត្ត ជួបសំណេះសំណាលសួរសុខទុក្ខ នាំយកស្បៀងអាហារ និងថវិកា ផ្តល់ជូននាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៦ ក្នុងខេត្តឧត្តរមានជ័យ
Thu,17 July 2025 (Time 12:31 AM)
ដោយ ៖ តឃ (ចំនួនអ្នកអាន: 52នាក់)

ត្បូងឃ្មុំ)៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូសម្ព័ន្ធមេត្រីភាពខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ នាយទាហាន នាយទាហានរង  ពលទាហាន នៅទីបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៦ ស្ថិតនៅឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តមានជ័យ ។

មានមតិសំណេះសំណាល ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណ ដល់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានផ្ដួចផ្ដើមគំនិតចង្អុលបង្ហាញ ឲ្យបង្កើត កម្មវិធីដៃគូសម្ព័ន្ធមេត្រីភាពនេះឡើង ដើម្បីផ្សារភ្ជាប់ឲ្យកាន់តែជិតស្និទ្ធ ជាមួយកងកម្លាំងជួរមុខ ឈរជើងការពារបូរណភាពទឹកដី និងស្ថាប័នស៊ីវិលជាជួរក្រោយ ក្នុងស្មារតីសាមគ្គីជាតិតែមួយ។

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ ជាពិសេសបងប្អូនកងទ័ពគ្រប់ជាន់ថ្នាក់។ ជាក់ស្ដែង នាពេលនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ជាដៃគូសម្ព័ន្ធមេត្រីភាព ជាមួយកងពលតូចអន្តរាគមន៍លេខ៦ បាននាំយកនូវអំណោយ មានជាថវិកាចំនួន ៤០លានរៀល និងមានជាអង្ករ ភេសជ្ជៈ បន្លែ ព្រមទាំងគ្រឿងឧបភោគ- បរិភោគ មួយចំនួនធំទៀត មកប្រគល់ជូនបងប្អូនកងទ័ព ដើម្បីជាការអរគុណ ដែលបងប្អូន ស្ម័គ្រចិត្ត បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី និងជាពិសេសលើកទឹកចិត្តដល់បងប្អូនកងទ័ពដែលឈរជើហនៅជួរមុខ ឱ្យកាន់តែមានកម្លាំងចិត្ត ស្មារតីស្នេហាជាតិ និងមានភាពរឹងមាំខ្លាំងក្លាបន្ថែមទៀត ក្នុងការការពារអធិបតេយ្យភាពជាតិកម្ពុជា។

ឯកឧត្តម ប៉ែន កុសល្យ ក៏បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលឈរជើងការពារព្រំដែនទាំងអស់ សូមថែរក្សាសុខភាព និងបន្តពង្រឹងស្មារតីឱ្យបានខ្ជាប់ខ្ជួនក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បីសេចក្ដីសុខក្សេមក្សាន្ត ជូនជាតិមាតុភូមិយើង និងសូមជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយមិនឲ្យប្រទេសឱ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្គ្រាមនោះឡើយ ព្រោះកម្ពុជាមានសុឆន្ទៈ និងគោលនយោបាយច្បាស់លាស់ក្នុងការបន្តពង្រឹង និងអភិវឌ្ឍន៍តំបន់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យក្លាយជាព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

វីដែអូ