ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
រដ្ឋបាលខេត្តត្បូងឃ្មុំ បើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ ដើម្បីរួមគ្នាវាយតម្លៃអំពីសមិទ្ធផល និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា
Tue,14 January 2025 (Time 04:10 AM)
ដោយ ៖ Tbk (ចំនួនអ្នកអាន: 40នាក់)

ខេត្តត្បូងឃ្មុំ-រដ្ឋបាលខេត្តត្បូងឃ្មុំ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដែលប្រព្រឹត្តទៅនៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ។

ពិធីនេះដែរ ធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយយក/នាយករងរដ្ឋបាលខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ អភិបាលក្រុង/ស្រុកទាំង៧ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូបទៀត។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងទាំងអស់ របស់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ជុំវិញខេត្ត ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានខិតខំយកចិត្តទុកដាក់បំពេញការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរដ្ឋបាលខេត្ដសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ទាំងការអភិវឌ្ឍខេត្ដ និងការធានាស្ថិរភាពនយោបាយ សន្ដិសុខសង្គម សុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរ។

ឯកឧត្តម អភិបាលខេត្ត លើកឡើងថា អង្គសន្និបាតដែលធ្វើឡើងនាពេលនេះ ពិតជាមានអត្ថន័យបំផុត ដើម្បីរួមគ្នាវាយតម្លៃអំពីសមិទ្ធផល និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជាដ៏មានប្រសិទ្ធភាពបំផុត នោះគឺយុទ្ធសាស្តបញ្ចកោណដំណាក់កាលទី១ ដែលមាន៥ ចំណុចជាសំខាន់ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរដែនដីមន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តថែរក្សាការពារនូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីបង្ការទប់ស្កាត់បង្ក្រាបទល្មើសនានាឱ្យខាងតែបាន។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បញ្ជាក់បន្ថែមថា ជាពិសេសត្រូវបន្តពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរឹង ត្រូវបន្តអនុវត្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសល្បែងអនឡាញ គ្រឿងញៀន និងក្មេងទំនើងឲ្យបានម៉ឺងម៉ាត់ជាទីបំផុត។ 
លើសពីនេះ ត្រូវបន្តខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យកាន់តែប្រសើរឡើង និងត្រូវបន្តខិតខំយកចិត្តទុកដាក់ផ្តល់សេវារដ្ឋបាលសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានលឿនទាន់ពេលវេលា ប្រកបដោយគុណភាព ប្រសិទ្ធភាព ផងដែរ៕

វីដែអូ