ឯកឧត្តម ផារ៉ា មង្គល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរសិស្សប្រឡងជាប់បាក់ឌុបឆ្នាំ២០២៥ និងទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៥ ក្រោមប្រធានបទ «គ្រូបង្រៀនជាតួអង្គសំខាន់នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត» នៅស្រុកក្រូចឆ្មារ
ខេត្តត្បូងឃ្មុំ) ៖ ឯកឧត្តម ផារ៉ា មង្គល សមាជិកគណៈកម្មាធិកាគណបក្សថ្នាក់កណ្តាល ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរសិស្សប្រឡងជាប់បាក់ឌុបឆ្នាំ២០២៥ និងទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៥ ក្រោមប្រធានបទ «គ្រូបង្រៀនជាតួអង្គសំខាន់នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត» នៅស្រុកក្រូចឆ្មារ ដោយបានជំរុញដល់យុវជនឱ្យបន្តការសិក្សាអប់រំ និងប្រែក្លាយជាកម្លាំងស្នូលក្នុងការកសាងជាតិ។
ពិធីនេះធ្វើឡើងនៅស្នាក់គណបក្សស្រុកក្រូចឆ្មារ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ស៊ាក ឡេង សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លាង មុនីរិទ្ធ, ឯកឧត្តម ឡោ ដាវុធ, ឯកឧត្តម លី រស្មី ឯកឧត្តម សួន សុផា រដ្ឋលេខាធិការ និងលោក សយ ទូច អភិបាលស្រុក ជាប្រធានគណៈកម្មាធិកាគណបក្សស្រុក ព្រមទាំងលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តម ផារ៉ា មង្គល បានមានប្រសាសន៍ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងពរសព្វសារធុការពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់អង្គពិធីទាំងមូល។ ទន្ទឹមនឹងនោះ ឯកឧត្តមប្រធាន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសំណាក់ ឯកឧត្តម ជា សុផារ៉ា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលតែងតែរួមសុខទុក្ខជាមួយ អ៊ុំ ពូ មីង និងបងប្អូនប្រជាពលរដ្ឋ អស់រយៈពេល ២ទសវត្ស នៅក្នុងស្រុកក្រូចឆ្មារយើងនេះ។
ឯកឧត្តមប្រធានក្រុមការងារគណបក្សស្រុក បានសម្តែងនូវការសាទរយ៉ាងខ្លាំងចំពោះលទ្ធផលរបស់សិស្សានុសិស្ស ដែលបានប្រឡងជាប់ជាស្ថាពរ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ នាសម័យប្រឡង ២៨ សីហា ២០២៥ កន្លងទៅនេះ ដោយទទួលបានលទ្ធផលល្អឆ្នើមជាងឆ្នាំមុនៗ ។ ជោគជ័យនេះ មិនមែនជាចំណុចបញ្ចប់នោះទេ ប៉ុន្តែជាចំណុចចាប់ផ្ដើមថ្មី សម្រាប់ក្មួយៗ ត្រូវបន្តការអប់រំ ការអភិវឌ្ឍខ្លួន និងការចូលរួមក្នុងកិច្ចការសង្គម ដើម្បីក្លាយជាមនុស្សដែលមានតម្លៃសម្រាប់ប្រទេសជាតិ ព្រោះយុវជនជាកម្លាំងដ៏សំខាន់ ក្នុងការកសាងសេដ្ឋកិច្ច និងអនាគតប្រទេសជាតិ។ ជាមួយគ្នានេះ ចំពោះប្អូនៗក្មួយៗ ដែលប្រឡងធ្លាក់ សូមកុំបាក់ទឹកចិត្ត! នេះគ្រាន់តែជារបត់ជីវិតមួយប៉ុណ្ណោះ មិនមែនជាការសម្រេចជោគវាសនា មុខរបរ ឬអាជីពនាពេលអនាគតឡើយ ឯកឧត្តមប្រធានក្រុមការងារ ក៏បានជំរុញឱ្យក្មួយៗ បើកចិត្តឱ្យទូលាយ ទទួលយកបទពិសោធន៍ថ្មីៗ ហើយងាកមកចាប់យក ឱកាសរៀនជំនាញវិជ្ជាជីវៈបច្ចេកទេស (TVET) ដែលជាកម្មវិធីសិក្សាឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែផងដែរ។
ឯកឧត្តម ផារ៉ា មង្គល បានមានប្រសាសន៍រំលេច ដល់ក្មួយៗ និងអង្គពិធីទាំងមូល សូមបន្តអត់ធ្មត់ និងជឿជាក់លើរាជរដ្ឋាភិបាល ដែលកំពុងខិតខំប្រឹងប្រែង ដើម្បីបុព្វហេតុសុខសន្តិភាព និងបូរណភាពទឹកដី។ បន្ថែមលើនេះ ឯកឧត្តមប្រធានក្រុមការងារ ក៏បានអំពាវនាវដល់បងប្អូនទាំងអស់ សូមចូលរួមជំរុញ គាំទ្រ នឹកប្រើប្រាស់ផលិតផលខ្មែរ ដើម្បីជាការលើកទឹកចិត្តដល់ស្នាដៃកូនខ្មែរផង និងជួយបង្កើនសេដ្ឋកិច្ចជាតិ។ជាពិសេសលុបបំបាត់ នៅការមាក់ងាយរបស់បរទេសមួយចំនួន ដែលលើកឡើងថា បើគ្មានទំនិញពីស្រុកគេ ខ្មែរនៅក្បាច់ពោះស្លាប់។
ដើម្បីជាការគាំទ្រ និងលើកទឹកចិត្ត ឯកឧត្តម ផារ៉ា មង្គល រួមនឹងថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ បានប្រគល់រង្វាន់ និងថវិកាលើកទឹកចិត្ត ដល់សិស្សានុសិស្ស ប្រឡងជាប់ ៖ និទ្ទេស A ទទួលបានថវិកា ២,០០០,០០០ រៀល/ម្នាក់, និទ្ទេស B ដល់ E ទទួលបានថវិកា ១០០,០០០ រៀល/ម្នាក់ ។ ជាមួយគ្នានោះ ដើម្បីជាការអបអរសាទរ ទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៥ ឯកឧត្តមប្រធាន រួមនឹងថ្នាក់ដឹកនាំ និងក្រុមការងារ ក៏បានឧបត្ថម្ភថវិកា ដល់នាយកវិទ្យាល័យ (៦ នាក់) ៤០០,០០០ រៀល/ម្នាក់, លោកប្រធានការិយាល័យអប់រំ ៤០០,០០០ រៀល និងលោកគ្រូ-អ្នកគ្រូ (៦២ នាក់) ៥០,០០០ រៀល/ម្នាក់ផងដែរ៕