ត្បូងឃ្មុំ÷នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ និងសភាពការណ៍ទូទៅ ទូទាំងខេត្តត្បូងឃ្មុំ ធានាឲ្យបានសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ។ ក្នុងកិច្ចប្រជុំនោះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក-នាយករងសាលាខេត្ត នាយក-នាយករងទីចាត់ការ ប្រធាន-អនុប្រធានអង្គភាព ការិយាល័យចំណុះរចនាសម្ព័ន្ធសាលាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ។ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ត្រូវបង្ក្រាបរាល់បទល្មើលល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពិសេសក្មេងទំនើងដែលបង្កអសន្តិសុខក្នុងមូលដ្ឋានឱ្យខានតែបានក្នុងភូមិសាស្ត្រទូទាំងខេត្តត្បូងឃ្មុំ។ម្យ៉ាងទៀត ចំពោះបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទក៏ដូចគ្នាដែរ អាជ្ញាធរ សហការជាមួយ សមត្ថកិច្ចត្រូវតែដឹកនាំបង្ក្រាបឱ្យអស់មិនឱ្យសល់ឡើយក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន។ឯកឧត្តម អភិបាលខេត្ត បានកោតសរសើរដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ដែលបានខិតខំបំពេញការងារនាពេលកន្លងមកសម្រេចបានជាលទ្ធផលល្អប្រសើរ ពិសេសការទប់ស្កាត់បានយ៉ាងល្អប្រសើរនូវអំពើចោរកម្ម ឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសនានាពេលកន្លងមក និងត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារទាំងអស់នេះ ឱ្យបានកាន់តែល្អថែមទៀត។ឯកឧត្តម ក៏បានលើកឡើងពីផែនការត្រៀមរៀបចំពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤នេះ យ៉ាងអធិកអធមអឺងកង អមជាមួយការប្រណាំងទូកង ការតាំងលក់ទំនិញពិព័រណ៍ពាណិជ្ជកម្ម ការប្រគុំតន្រ្តីខ្នាតធំ អកអំបុក ការបណ្តែតប្រទីប ការដុតកាំជ្រួចនាពេលរាត្រី និងកម្មវិធីជាច្រើនទៀត នៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ នាពាក់កណ្ដាលខែវិច្ឆិកាខាងមុខនេះ ។ជាមួយគ្នានោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានផ្ដាំផ្ញើដល់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សហការជាមួយកាកបាទក្រហមខេត្ត ត្រូវត្រៀមសម្ភារៈគ្រឿងឧបភោគបរិភោគ ពូជដំណាំ និងទីទួលមានសុវត្ថិភាព ឱ្យបានរួចជាស្រេច ដើម្បីបង្ការទុកជាមុននៅពេលមានទឹកជំនន់ទន្លេមេគង្គហក់ឡើង ត្រូវជម្លៀសប្រជាជនទៅទីទួលមានសុវត្តិភាពឱ្យបានទាន់ពេលវេលាផងដែរ៕
វីដែអូ