ផ្សាយចេញថ្ងៃទី១៤.សីហា ឆ្នាំ២០២៤ខេត្តមណ្ឌលគិរី ៖ ផ្លូវបេតុងថ្មីស្រឡាងមានប្រវែង១០០០ម៉ែត្រនៅភូមិអូរស្ពាន ត្រូវបានអាជ្ញាធរសង្កាត់ ស្ពានមានជ័យ បើកការដ្ឋាន ស្ថាបនា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ដើម្បីជួយសម្រាលការ លំបាករបស់ អ្នកភូមិ ដ្បិតផ្លូវមួយខ្សែនេះ បានខូចខាតយ៉ាងធ្ងន់ធ្ងរ ជាច្រើនឆ្នាំមកហើយ។ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មី លោក នុត បឿន អភិបាលរង ក្រុងសែនមនោរម្យ មានប្រសាសន៍ថា ផ្លូវជាសរសៃ ឈាម ដ៏សំខាន់សម្រាប់ បម្រើដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ កាលណាផ្លូវលំបាកវាបណ្តាលឲ្យប៉ះពាល់ ដល់ដំណើរការ ប្រកបរបរ រកស៊ី និងកិច្ចការងារទូទៅរបស់ប្រជាជន។ដូច្នេះក្រោយកិច្ចពិភាក្សារបស់អាជ្ញាធរមូលដ្ឋាន សម្រេចយកផ្លូវក្នុងភូមិអូរស្ពាន(មុខសណ្ឋាគារ អេម៉ារី)ជាអាទិភាពខ្ពស់ក្នុងការស្ថាបនាជាផ្លូវបេតុង។ទន្ទឹមនិងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ដើម្បីផ្តល់ ជូនប្រជាពលរដ្ឋ នូវផ្លូវដ៏ល្អស្អាត នេះលោកអភិបាលរងក្រុងបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលអាស្រ័យ ការធ្វើដំណើរតាមផ្លូវថ្មី ជាពិសេសបងប្អូនអ្នកភូមិដែលរស់នៅតាមសងខាងផ្លូវបេតុងថ្មី ត្រូវចូលរួមសហការ ជាមួយអាជ្ញាធរ និងក្រុមការងារស្ថាបនា ផ្លូវថ្មី ដើម្បីបង្កភាពងាយស្រួលនិងដំណើរការធ្វើផ្លូវអោយបានឆាប់រួចលឿន ស្របតាមផែនការ។ផ្លូវបេតុងថ្មីដែលត្រូវស្ថាបនានេះបើតាមលោក គុជ ម៉េងធូ ចៅសង្កាត់ស្ពានមានជ័យ បានឲ្យដឹងថា ការចំណាយលើការសាងសង់ផ្លូវបេតុងថ្មីនេះ ជាថវិកា មូនិធិសង្កាត់ ទទួលបានពីរាជរដ្ឋាភិបាលសម្រាប់អភិវឌ្ឍន៍ឃុំ-សង្កាត់។ការស្ថាបនាផ្លូវខាងលើមានពីរគម្រោង ដែលគម្រោងទីមួយ ទំហំផ្លូវទទឹង៥ម៉ែត្រ កម្រាស់ ១.៥០តឹក ចំណែកគម្រោងទីពីរ ផ្លូវមានទំហំ៦ម៉ែត្រ កម្រាស់១.៥តឹក សរុបទាំងពីរគម្រោងស្មើ១០០០ម៉ែត្រ។ ក្នុងការស្ថាបនាផ្លូវបេតុងនេះក៏មានប្រើប្រាស់លូសម្រាប់បង្ហូរទឹកផងដែរ។លោកចៅសង្កាត់ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ បានចូលរួមសហការជាមួយក្រុមការងារដើម្បីឲ្យដំណើរការសង់ផ្លូវប្រកបដោយភាពរលូន គ្មានការជំទាស់តវ៉ាណាមួយដែលរាំងស្ទះការស្ថាបនាផ្លូវឡើយ។អ្នកស្រី គន្ឋី បានបង្ហាញការសប្បាយរីករាយក្រោយភូមិរបសគាត់ទទួលបានចំណងដៃថ្មី គឺផ្លូវបេតុងដ៏រឹងមាំ។អ្នកស្រីបានលើកឡើងថា ផ្លូវនេះនិងជួយឲ្យគ្រួសារគាត់ងាយស្រួលចេញចូលប្រកបរបររកស៊ីប្រចាំថ្ងៃ ហើយក្មេងៗមិនពិបាកធ្វើដំណើរទៅសាលារៀនដូចកាលមុនទៀតទេ៕ដកស្រង់អត្ថបទមន្ទីរព័ត៌មានខេត្ត
វីដែអូ