ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំប្រារព្ធពិធីអភិសេករូបសំណាកហ្លួងព្រះស្ដេចកន គង់លើខ្នងសេះ ជាស្នាដៃចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មុនផ្លាស់ទៅជា អភិបាលខេត្តកំពង់ស្ពឺ..
Fri,28 June 2024 (Time 07:55 PM)
ដោយ ៖ Tbk (ចំនួនអ្នកអាន: 64នាក់)

ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន  និងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត ប្រារព្ធពិធីអភិសេករូបសំណាកហ្លួងព្រះស្ដេចកន គង់លើខ្នងសេះ ធ្វើពីស្ព័ន តាមបែបប្រពៃណីសាសនានៅរង្វង់មូលហ្លួងព្រះស្តេចកន ចំណុចផ្លូវចូលតំបន់រដ្ឋបាលខេត្ត លើកំណាត់ផ្លូវជាតិលេខ៧ ត្រង់គីឡូម៉ែត្រ១៥៧+២១០ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។

គូសបញ្ជាក់ថា ៖ រូបសំណាកហ្លួងព្រះស្ដេចកន ផ្តួចផ្តើមនិងដឹកនាំកសាងឡើងដោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ក្នុងគោលបំណងដើម្បីលើកកម្ពស់សោភ័ណភាព បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិភាពក្នុងការធ្វើដំណើរឆ្លងកាត់ចេញ-ចូលតំបន់រដ្ឋបាលខេត្ត។

រូបសំណាកហ្លួងព្រះស្ដេចកន កម្ពស់ពីដីដល់ចុងកំពូល១៣,៣៥ម៉ែត្រ កម្ពស់សេះ និងរូប១១ម៉ែត្រ ធ្វើពីស្ព័ន គ្រឹះបេតុង។ រង្វង់មូលមានអង្កត់ផ្ចិត៣៦ម៉ែត្រ និងមានផ្ទៃក្រឡា១,០១៧ម៉ែត្រការ៉េ ដោយចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃ០៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងត្រូវបានបញ្ចប់ការសាងសង់ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ។

រង្វង់មូលដ៍ល្អមួយនេះ បានលេចចេញជារូបរៀងឡើង ពិតជាឆ្លុះបញ្ចាំងបង្ហាញយ៉ាងច្បាស់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមមានវឌ្ឍនភាពលើគ្រប់វិស័យគួរជាទីមោទនះ។

សូមជម្រាបផងដែរថា រង្វង់មូល(ហ្លួងព្រះស្ដេចកន)នេះ គឺជាសមិទ្ធផលមួយថ្មី ក្នុងចំណោមសមិទ្ធផលនានាជាច្រើនទៀត នៅក្នុងតំបន់រដ្ឋបាល ប្រមូលផ្តុំទីរួមខេត្តត្បូងឃ្មុំ រួមមាន បុរីរដ្ឋបាលសាលាខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត មន្ទីរពេទ្យ សាលារៀន សួនច្បារសាធារណៈ ទន្លេសិប្បនិម្មិតហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រព័ន្ធគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត បង្គោលភ្លើងបំភ្លឺសាធារណៈ ដាំកូនឈើ ដាំផ្កាលម្អសោភ័ណភាព .ល. ដែលត្រូវបានស្ថាបនារួច ក៏ដូចជាកំពុងស្ថាបនាសាងសង់ជាបន្តបន្ទាប់ និងជាស្នាដៃចុងក្រោយមុនពេលដែលឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ត្រូវបានព្រះមហាក្សត្រ តែងតាំងជាអភិបាលខេត្តកំពង់ស្ពឺថ្មីផងដែរ៕ខ្ញុំបាទសុភានាយការផ្សាយគេហទំព័រត្បូងឃ្មុំញូសរាយការណ៍

វីដែអូ