ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
ក្នុងកិច្ចប្រជុំនៅសាលាខេត្តត្បូងឃ្មុំអភិបាលខេត្តត្បូងឃ្មុំ ដាក់ចេញវិធានការ៧ចំនុច ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសខុសច្បាប់នានា ពិសេសការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»
Wed,06 March 2024 (Time 04:24 PM)
ដោយ ៖ សុខគា (ចំនួនអ្នកអាន: 49នាក់)

(ត្បូងឃ្មុំ) ៖ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំ គ នៃសាលាខេត្តត្បូងឃ្មុំ។

ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត សាលាឧទ្ធរណ៍ត្បូងឃ្មុំ សាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលក្រុងស្រុកទាំង៧ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការពាក់ព័ន្ធ។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អាណត្តិទី៧ បានដាក់ចេញនូវ  "យុទ្ធសាស្ត្របញ្ចកោណ” ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និង រក្សាចីរភាព។

តាមរយៈយុទ្ធសាស្រ្តនេះ ជ្រុងមួយ បានផ្តោតជាសំខាន់លើការអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» សម្រាប់ រដ្ឋបាលក្រុង/ស្រុក អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវខិតខំអនុវត្តប្រកបដោយទំនួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានជំរុញឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ បន្តពង្រឹងស្មារតីម្ចាស់ការ ខំប្រឹងប្រែងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវកិច្ចការសំខាន់ៗ  ដោយដាក់ចេញនូវ វិធានការ ០៧ចំនុច រួមមាន៖

ទី១-ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
ទី២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
ទី៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
ទី៤-គា្មនអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្តីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង
ទី៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព
ទី៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ
ទី៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។

បន្ថែមពីនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ក៏បានធ្វើការណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ និងអាជ្ញាធរទាំង០៧ក្រុងស្រុក ត្រូវសហការគ្នា បន្តបង្រ្កាបនូវបញ្ហាបទល្មើសគ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាពខ្ពស់ ។

ជាពិសេសបន្តចុះបង្រ្កាបបទល្មើសទន្រ្ទានដីព្រៃលិចទឹក ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសគ្រឿងញៀន ដោយមិនត្រូវឱ្យកើតមាននៅតាមភូមិឃុំ ឬភូមិសាស្រ្ដណាមួយឡើយ  ដាច់ខាតត្រូវតែបង្រ្កាបឱ្យបាន។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានផ្តល់ជូននៅប័ណ្ណសរសើ និងថវិកាមួយចំនួន ជូនដល់បណ្តាក្រុង/ស្រុក ដែលមានស្នាដៃ ក្នុងការចូលរួម អនុវត្តតាមគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» នាពេលកន្លងមក ទទួលបានប្រសិទ្ធភាពផងដែរ ៕

វីដែអូ