ត្បូងឃ្មុំ)៖ថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) និងឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក គ.ស.ច.គ របស់ខេត្តត្បូងឃ្មុំ នៅសាលប្រជុំ ក សាលាខេត្ត។ ក្នុងនោះ មានអញ្ជើញចូលរួមពីសំណាក់ ប្រតិភូក្រសួង តំណាងប្រធានសាលាដំបូងខេត្ត និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត ស្នងការរងនគរបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង០៧ លោក គី ដាណារិទ្ធ ប្រធានមន្ទីរ ព្រមទាំងអនុប្រធានមន្ទីរ និងការិយាល័យជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងពីរបាយការណ៍សង្ខេប នូវសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ លទ្ធផលកិច្ចប្រតិបត្តិការ បញ្ហាប្រឈម ការវាយតម្លៃ និងសន្និដ្ឋាន ព្រមទាំងបានលើកទិសដៅ ក្នុងការអនុវត្តការងារបន្ត ដើម្បីរៀបចំត្រួតពិនិត្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់ខេត្តត្បូងឃ្មុំ ឲ្យមានភាពល្អប្រសើរឡើង។ ឯកឧត្តម ម៉ៅ ឌុង គូសបញ្ជាក់ពីសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍រយៈពេល០៩ខែកន្លងទៅ ចាប់ពីខែមករា ដល់ខែកញ្ញា ក្នុងឆ្នាំ២០២៤នេះ ក្នុងខេត្តត្បូងឃ្មុំ កើតឡើងសរុបមានចំនួន៥៦លើក បណ្តាលឲ្យស្លាប់មានចំនួន ៥០នាក់(ស្រី ៩នាក់) ខូចខាតមធ្យោបាយ ចំនួន ៩៥គ្រឿង។ បើប្រៀបធៀប ទៅនឹងរយៈពេល៩ខែ ក្នុងឆ្នាំ២០២៣ ឃើញថាមានការកើនឡើង២៨លើក។ឯកឧត្តម បន្ថែមថា ករណីគ្រោះថ្នាក់ចរាចរណ៍កើនឡើងនេះ បង្កដោយការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ វ៉ាជែង បត់ក្នុងស្ថានភាពគ្រោះថ្នាក់ ការបើកបរក្នុងពេលស្រវឹង ងងុយ កត្តាយានយន្ត បើកបរមិនពាក់មួក ឬខ្សែក្រវ៉ាត់ការពារសុវត្ថិភាព ដឹកលើសចំណុះ បើកបរគ្មានប័ណ្ណបើកបរត្រឹមត្រូវ និងការមិនគោរពច្បាប់ចរាចរណ៍ផងដែរ ។ជាមូយគ្នានោះ លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានលើកឡើងផងដែរនូវកិច្ចខិតខំប្រឹងប្រែង នៃអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការចុះផ្សព្វផ្សាយ អប់រំ ក្រើនរំលឹក ពញាក់ស្មារតី ទាំងនៅទីសាធារណៈ ទីប្រជុំជន តាមសារព័ត៌មាន តាមបណ្តាញផ្សព្វផ្សាយសង្គមពិសេសតាមសាលារៀន ពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានចែកខិតបណ្ណ និងមួកសុវត្ថិភាពផងដែរ ប៉ុន្តែការអនុវត្តន៍គោរពច្បាប់ចរាចរណ៍ ការយោគយល់ និងបើកបរប្រុងប្រយ័ត្នរបស់ពលរដ្ឋ នៅមានកម្រិត ជាហេតុបង្កឲ្យមានគ្រោះថ្នាក់ នេះជាចំនុចសំខាន់ ដែលត្រូវយកចិត្តទុកដាក់បន្ថែមទៀត។នៅក្នុងឱកាសនោះ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួង បានគូសបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឱ្យស្លាប់ របួស និងការបាត់បង់ទ្រព្យសម្បត្តិ តាមរយៈការតាក់តែងលិខិតបទដ្ឋានគតិយុត្តិ ការជួសជុលថែទាំផ្លូវ បំពាក់ផ្លាកសញ្ញា ភ្លើងសញ្ញា ចែកមួកសុវត្ថិភាព និងរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ជាដើម។លោកជំទាវ បានមានប្រសាសន៍កត់សម្គាល់ឃើញថា កត្តាចម្បង ដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍មានចំនួន៣ គឺកត្តាមនុស្ស កត្តាផ្លូវ និងកត្តាយានយន្ត។លោកជំទាវ រដ្ឋលេខាធិការ បានលើកឡើងបន្ថែមថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍ និងបន្តជំរុញអនុវត្ត ឱ្យបានសម្រេចតាមផែនការសកម្មភាព ឆ្នាំ២០២៤ របស់ គ.ស.ច.គ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងនោះអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនការអប់រំផ្សព្វផ្សាយ ការត្រួតពិនិត្យគុណភាពបច្ចេកទេសយានយន្ត និងរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍គ្រប់ករណី ដោយមិនអនុញ្ញាតឱ្យរួចផុតពីច្បាប់ឡើយ៕
វីដែអូ