ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ ក្នុងសន្តិភាព»
Sun,15 December 2024 (Time 03:10 PM)
ដោយ ៖ Tbk. (ចំនួនអ្នកអាន: 59នាក់)

ត្បូងឃ្មុំ÷សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ ក្នុងសន្តិភាព» ស្ថិតនៅបរិវេណវត្តឧត្តមម្មុនី (ហៅវត្តតានី) ភូមិតានី ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ពិធីនេះ បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ក្នុងនោះ ក៏មានអញ្ជើញចូលរួមពី ឯកឧត្តម លោកកជំទាវ សមាជិក សមាជិការ គណៈកិត្តិយសសាខានិងគណៈកម្មាធិការសាខា ថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមខេត្ត និងលោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត។

នាឱកាសនោះដែរ លោក អ៊ុន លំអង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានឡើងអានសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនអង្គពិធីរួចមក ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក ថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកម្លាំងឈានមុខ របស់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបរិច្ចាគធនធាន ពេលវេលា កម្លាំងកាយ-ចិត្ត ចេញពីបេះដូងមនុស្សធម៌សុទ្ធសាធ ក្នុងការ ចូលរួមចំណែកជួយ ដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត នៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សានានា។

ឯកឧត្តម បន្តថា ៖ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីភាពធន់សហគមន៍ ក្នុងសន្តិភាព» ប្រធានបទនេះ មានគោលបំណងអំពាវនាវ ចំពោះយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សាធារណជន និងជនរួមជាតិ ត្រូវបន្តចូលរួមឲ្យបានកាន់តែសកម្មបន្ថែមទៀត នៅកិច្ចការទទួលខុសត្រូវខ្ពស់ចំពោះការងារមនុស្សធម៌ក្នុងសង្គមផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម បានគាំទ្រយ៉ាងពេញទំហឹងដោយក្តីរីរាយបំផុតចំពោះការចូលរួមសកម្មភាពនានា កន្លងមករបស់អ្នកស្មគ្រ័ចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាខេត្ត សូមសម្តែងនូវអំណរសាទរចំពោះការវិវឌ្ឍន៍រីកចម្រើនគួរជាមោទនៈ នៃចលនាកាកបាទក្រហម នៅព្រះរាជាណាចក្រកម្ពុជាយើង ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយភាពឈ្លាសវៃរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលធ្វើឱ្យកាកបាទក្រហមកម្ពុជាទទួលបាននូវការគាំទ្រពីគ្រប់មជ្ឈដ្ឋាននៃប្រជាពលរដ្ឋទូទាំងប្រទេស។

ទន្ទឹមគ្នានេះ ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងកោតសរសើរដោយស្មោះ ៖ ចំពោះបងប្អូនកូនក្មួយទាំងអស់ ដែលមានសុឆន្ទៈចូលធ្វើជាអ្នកស្ម័គ្រចិត្តប្រចាំសហគមន៍ និងចូលធ្វើជាយុវជនកាកបាទក្រហម ប្រចាំគ្រឹះស្ថានសិក្សានានាផងដែរ។ សកម្មភាពរបស់បងប្អូនកូនក្មួយទាំងអស់នេះ ពិតជាមានស្មារតីលះបង់ខ្ពស់ និងស្មារតីមនុស្សធម៌ពិតៗ ចំពោះជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយគ្មានការរើសអើងចំពោ៖ ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ៕

វីដែអូ