នៅ រដ្ឋបាលខេត្តត្បូងឃ្មុំ និងសាខាពន្ធដារខេត្ត បានបើកសិក្ខាសាលា ផ្សព្វផ្សាយបញ្ជ្រាប បន្ថែមដល់មន្ត្រីជំនាញ ស្តីពីលិខិតបទដ្ឋានគតិយុត្តិថ្មីៗពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ និងពន្ធលើមធ្យោបាយដឹកជញ្ជូន
ខេត្ត ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្តត្បូងឃ្មុំ និងសាខាពន្ធដារខេត្ត បានបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី លិខិតបទដ្ឋានគតិយុត្តិថ្មីៗពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ និងពន្ធលើមធ្យោបាយដឹកជញ្ជូន មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ។
សិក្ខាសាលានេះ ធ្វើឡើងនៅសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ អាជ្ញាធរក្រុង-ស្រុក មន្ត្រីជំនាញពន្ធដាខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។
លោក ឈីម វេងងន់ ប្រធានសាខាពន្ធដារខេត្តត្បូងឃ្មុំ បានថ្លែងលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ ត្រូវបានរៀបចំឡើងតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្សព្វផ្សាយនូវបទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តិថ្មីៗពាក់ព័ន្ធនឹងពន្ធលើអចលនទ្រព្យ, ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ, ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធលើមធ្យោបាយដឹកជញ្ជូន ដែលត្រូវបានធ្វើវិសោធនកម្ម និងធ្វើបច្ចុប្បន្នភាពកែសម្រួលឱ្យបានសមស្របនឹងស្ថានភាពសង្គមនិងសេដ្ឋ-កិច្ចជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ។
ប្រធានសាខាពន្ធដារខេត្តត្បូងឃ្មុំ បន្តថាជាក់ស្តែងដើម្បីលើកកម្ពស់ជីវភាព និង កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន រាជរដ្ឋាភិបាលបានកំណត់គោលនយោបាយសារពើពន្ធ ដោយមិនបង្កើតពន្ធថ្មី តែយកចិត្តទុកដាក់ជំរុញការប្រមូលពន្ធតាមរយៈប្រភេទពន្ធដែលមានស្រាប់ ឱ្យអស់លទ្ធភាពសមស្របតាមសក្ដានុពលនៃសេដ្ឋកិច្ចជាតិ តាមរយៈការអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយតាមច្បាប់ស្ដីពីសារពើពន្ធ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ព្រមទាំងខិតខំទប់ស្កាត់ឱ្យបានការកេងបន្លំ និងគេចវេសពន្ធ។
លោក ឈីម វេងងន់ បន្តឲ្យដឹងថា ជាលទ្ធផលនៃការប្រមូលចំណូលពន្ធរបស់សាខាពន្ធដារខេត្តត្បូងឃ្មុំក្នុងរយៈពេល១០ឆ្នាំ គឺពីឆ្នាំ២០១៤ ដល់ឆ្នាំ ២០២៣ គឺសម្រេចបានលើសផែនការជារៀងរាល់ឆ្នាំ។ ដោយឡែកឆ្នាំ២០២៤ នេះ ក្នុងរយៈពេល១០ខែ អនុវត្តប្រមូលចំណូលបាន ២៣.២៩៧លានរៀល ស្មើនឹង ៧៤,៤៥% នៃផែនការឆ្នាំ២០២៤ ដែលសន្ទស្សន៍ចំណូលនេះ សាខាពន្ធដារសង្ឃឹមថា អាចនឹងគ្រប់ផែនការនៅដំណាច់ឆ្នាំ ដោយសារចំណូលពន្ធមធ្យោបាយដឹកជញ្ជូនដែលជារៀងរាល់ឆ្នាំសម្រុកបង់ច្រើននៅខែចុងក្រោយនៃការប្រមូលនេះ។
ក្នុងឱកាសនោះឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ក្នុងអាណត្តិទី០៧នេះ ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានធ្វើវិសោធនកម្មកែសម្រួលច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យសារពើពន្ធមួយចំនួន។
ឯកឧត្តម ប៉ែន កុសល្យ គូសបញ្ជាក់ថា ហេតុនេះហើយការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបញ្រ្ជាបនូវបទប្បញ្ញត្តិស្តីពីសារពើពន្ធ និងលិខិតបទដ្ឋានគតិយុត្តិនានាដែលបានកែសម្រួល។
ជាចុងក្រោយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត សង្ឃឹមថា មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បន្ទាប់ពីទទួលបានការយល់ដឹងជ្រួតជ្រាបអំពីវប្បធម៌ពន្ធដារជាពិសេសកាតព្វកិច្ចសារពើពន្ធ នឹងក្លាយជាកត្តាជំរុញយ៉ាងសំខាន់ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនិងអ្នកជាប់ពន្ធឱ្យមានឆន្ទៈនិងស្ម័គ្រចិត្តក្នុងការបង់ប្រាក់ពន្ធចូលថវិកាជាតិ ដែលថវិកាទាំងនេះនឹងត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍន៍សង្គមជាតិដែលជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនិងអ្នកជាប់ពន្ធវិញផងដែរ៕