ត្បូងឃ្មុំ)៖ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសខេត្តត្បូងឃ្មុំ ជាខេត្តទី១១ ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF)។ពិធីនេះធ្វើឡើងនៅបរិវេណរង្វង់មូលសាលាខេត្តត្បូងឃ្មុំ ដោយមានអ្នកពាក់ព័ន្ធចូលរួមសរុបប្រមាណជាង ២,៣០០នាក់ ព្រមទាំងរៀបចំជាក្បួនដង្ហែពានជ័យលាភី យ៉ាងអធិកអធមផងដែរ។ ក្នុងពិធីដ៏មហោឡារិកនោះ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញទទួលពានជ័យលាភី ទុកតម្កល់ជាកិត្តិយស ព្រមទាំងបើកស្បៃក្រហមលើសិលាចារិក និងបានចុះហត្ថលេខាជាសក្ខីភាព លើផ្ទាំងបដា ទទួលស្គាល់ខេត្តត្បូងឃ្មុំ ជាខេត្តទី១១ សម្រេចបាន ODF ក៏ដូចជាបង្ហោះប៉េងប៉ោងអបអរផងដែរ។ក្នុងឱកាសនោះ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអានរបាយការសង្ខេបស្តីពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលខេត្ត ដើម្បីលុបបំបាត់ការបន្ទោរបង់ពាសវាលពាសកាលក្នុងខេត្តត្បូងឃ្មុំទាំងមូល រហូតទទួលបានជ័យលាភីនាពេលនេះ។ជាមួយគ្នានោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល។ឯកឧត្ដម ឆាយ ឫទ្ធិសែន បានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្នក្រសួង បាននឹងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ឲ្យសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយនឹងសម្រេចឱ្យបាន ១០០% នៅឆ្នាំ២០៣០។ ឯកឧត្ដម គូសបញ្ជាក់បន្ថែមថា ចំពោះការសម្រេចបានខេត្ត ODF គិតត្រឹមថ្ងៃនេះ មានខេត្តចំនួន ១១ ដែលសម្រេចបាន ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) រួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី ខេត្តសៀមរាប និងខេត្តត្បូខឃ្មុំ ជាខេត្តទី១១។ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តត្បូងឃ្មុំ សម្រេចបាន នាពេលកន្លងមក លើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាក់ស្ដែងការសម្រេចការបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល នៅទូទាំងខេត្ត នាពេលនេះតែម្តង៕
វីដែអូ