ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ស្នាក់ការកណ្តាល ភូមិគគីរ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ / លេខទំនាក់ទំនង 097 555 8008 / 012 586 505
អាជ្ញាធរខេត្តត្បូងឃ្មុំ សហការជាមួយស្ថាប័នពាក់ព័ន្ធ ចុះចែកមួកសុវត្ថិ សៀវភៅច្បាប់ចរាចរណ៍ និងខិតប័ណ្ណរាប់ពាន់សន្លឹកជូនពលរដ្ឋ ដើម្បីក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ននៅពេលបើកបរនាថ្ងៃឈប់សម្រាក់ខាងមុខ
Tue,12 November 2024 (Time 10:17 AM)
ដោយ ៖ សយគា (ចំនួនអ្នកអាន: 62នាក់)

ត្បូងឃ្មុំ)_ដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុកក្នុងពេលខាងមុខ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំ  រួមមានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត សាខាកាកបាទក្រហមកម្ពុជា មន្ទីរអធិការកិច្ច និងស្នងការនគរបាលខេត្ត បានធ្វើការផ្សព្វផ្សាយស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចែកមួកសុវត្ថិភាព សៀវភៅច្បាប់ចរាចរណ៍ និងខិតប័ណ្ណរាប់រយសន្លឹក ជូនពលរដ្ឋជាអ្នកដំណើរ ស្ថិតនៅបរិវេណក្បែរវង្វង់មូលស្តេចកន ផ្លូវចូលបុរីរដ្ឋបាល ទីរួមខេត្តត្បូងឃ្មុំ។

ក្នុងផ្សព្វផ្សាយនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។

សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នក្នុងការបើកបរ ក្នុងឱកាសថ្ងៃឈប់សម្រាកប្រារព្ធពិធីបុណ្យព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុកខាងមុខ ឱ្យជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍។

ក្នុងឱកាសនោះ ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្ត បានថ្លែងសារជូនបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ ពេលធ្វើដំណើរដោយរថយន្ត ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ដោយម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពជាប្រចាំ ដើម្បីការពារគ្រោះចរាចរណ៍ជាយថាហេតុ ព្រោះថាមួកសុវត្ថិភាពមួយអាចជួយការពារជីវិតបានម្នាក់។

បន្ថែមពីនេះ ឯកឧត្តម បានក្រើនរំលឹក និងសំណូមពរ ដោយទទូចសូមឲ្យបងប្អូនពលរដ្ឋធ្វើដំណើរតាមដងផ្លូវទាំងអស់គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន និងយល់អធ្យាស្រ័យខ្ពស់ ដើម្បីសុខសុវត្ថិភាព ការពារអាយុជីវិតខ្លួន និងអ្នកដ៏ទៃ ស្របតាមទិសស្លោក «ថ្ងៃនេះ ថ្ងៃស្អែក សូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»។

សូមជម្រាបថា ក្នុងការផ្សព្វផ្សាយការយល់ដឹងសុវត្ថិភាពចរាចរណ៍នេះ លោក គី ដាណារិទ្ធ  ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានរៀបចំកម្មវិធីសំណួរ-ចម្លើយ ដើម្បីផ្តល់រង្វាន់ជូន ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឆ្លើយបានត្រឹមត្រូវ។

ក្នុងនោះ បានចែកជូនរួមមាន : ១-សៀវភៅច្បាប់ចរាចរណ៍ផ្លូវគោកចំនួន ១៩០ក្បាល ២-សៀវភៅអ្វីអ្នកជិះម៉ូតូគួរយល់ដឹង
ចំនួន ៣៧៨ក្បាល ៣-ស្ទីកឃ័រចំណាំងផ្លាតចំនួន ៣៧៨សន្លឹក
៤-ខិតបណ្ណជំនួយស្មារតីចំនួន ៣៧៨សន្លឹក ៥-មួកសុវត្ថិភាពចំនួន៨៥មួកផងដែរ៕

វីដែអូ