លោក​ ឧកញ៉ា ស៊ឹង សំអុល និង​បក្ខពួក០៣​នាក់​ត្រូវបានកំលាំងសមត្ថកិច្ចឃាត់ខ្លួនព្រមទាំង​រឹបអូស​រថយន្ដ​ជាង ៤០​គ្រឿង ត្រៀម​និង…..!

0

ចេញផ្សាយថ្ងៃទី ១០ខែកក្តដាឆ្នាំ២០១៩

ខេត្តមណ្ឌលគិរី***ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ នៅ​ឯភូមិភាគឥសាន្តខេត្ត​មណ្ឌលគិរី កាលពីរសៀល​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ កម្លាំង​គណៈកម្មការ​ថ្នាក់ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ដោយឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ធ្វេីការចុះបង្ក្រាប​រូបភាព​ទ្រង់ទ្រាយ​ធំ ដោយ​ចាប់និងឃាត់ខ្លួន​មនុស្ស ០៤​នាក់ ក្នុងនោះ​មាន​ឧកញ៉ា ស៊ឹង សំអុល ប្រធាន​ក្រុមហ៊ុននិង មេការ ២​នាក់ និង​អ្នកបើករថយន្ត​ម្នាក់ ព្រមទាំង​ដកហូត​រថយន្ដ​ជាង ៤០​គ្រឿង​ផង​ដែរ​។( នេះ​បើ​យោង​តាម​ទំព័រ​ហ្វេ​សប៊ុក GRK News បាន​ចេញផ្សាយ​អោយដឹងក្នុងពេលថ្មីៗនេះ)។​

​លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បានឱ្យដឹងថា៖ ជា​លទ្ធផល​ក្នុង​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​នេះ កម្លាំង​អាវុធហត្ថ​បាន​ចាប់ខ្លួន​មនុស្ស០ ៤​នាក់ ដែល​មាន​ឧកញ៉ា ស៊ឹង សំអុល ប្រធាន​ក្រុមហ៊ុន មេការ និង​អ្នកបើករថយន្ត ព្រម​ទាំង​រថយន្ដ​ជាង ៤០​គ្រឿង​។ លោក ឧត្តមសេនីយ៍ បាន​បញ្ជាក់ទៀតថា រថយន្ដ​ល្មើស​ផ្សេងទៀត ត្រូវបាន​ឈ្មូញ​យក​ទៅ​លាក់ទុក​នៅក្នុង​ព្រៃ ហើយ​នៅពេលនេះ​កម្លាំង​ជំនាញ កំពុង​រុករក​យ៉ាង​ក្ដៅគគុក​បន្ថែមទៀត។

​លោក​ឧត្តមសេនីយ៍ អេង ហ៊ី បាន​បញ្ជាក់ទៀតថា រថយន្ដ​ដែល​សមត្ថកិច្ច​រកឃើញ​នៅក្នុង​ព្រៃ នឹង​បំផ្លាញ​ចោល​នៅ​ទីនោះ​តែម្ដង​។ ក្នុង​នោះ​ផង​ដែរ លោក​ឧត្តមសេនីយ៍ អ្នកនាំពាក្យ ក៏​បាន​អំពាវនាវ​ឱ្យ​ក្រុម​ឈ្មួញ​ដែល​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នេះ ត្រូវ​ដកខ្លួន​ចេញ​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ នឹង​ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​ជាក់​ជា​មិនខានឡើយ​។​

​លោក​ឧត្តមសេនីយ៍ក៏​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​ជំនាញ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ថ្នាក់ មេត្តា​រួម​គ្នា​ ធ្វើ និង​រួម​គ្នា​ទទួលខុសត្រូវ និង​សូម​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ទាំងអស់ ផ្លាស់ប្តូរ​ផ្នត់គំនិត​ពី​ការប្រកប​មុខរប​រ​កាប់ឈើ ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ទៅ​ប្រកប​មុខរបរ​ស្របច្បាប់​វិញ ដើម្បី​រួមគ្នា​ការពារ​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ​។​

​គួរបញ្ជាក់​ថា គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ធ្វើការ​ត្រួតពិនិត្យ​ឃើញថា ទោះបី​មាន​ការផ្សព្វផ្សាយ​អប់រំ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​បន្តបន្ទាប់​ក៏​ដោយ នៅតែ​មាន​ការលួចបន្លំ​កាប់​ឈើ ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​ខុសច្បាប់ តាម​គ្រប់​មធ្យោបាយ​គ្រប់​រូបភាព​។ ដូច្នេះ ដើម្បី​ថែរក្សា​បាន​ព្រៃឈើ​គង់វង្ស គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នឹង​អនុវត្ត​វិធានការ​ដូច​ក្រោម​÷
​ទី​១ -​បុគ្គល ឬ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ការប្រព្រឹត្ត​ល្មើស​ច្បាប់​នេះ នឹង​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​តឹងរ៉ឹង​។​
​ទី​២ -​មធ្យោបាយ (​រថយន្ត គោយន្ត ម៉ូតូ …) ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នេះ ត្រូវបាន​ស្នើសុំ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​បំផ្លាញចោល​នៅនឹងកន្លែង​។​

​គួររម្លឹកថា តាម​ប្រភព​ពី​ក្រសួង​កសិកម្ម និង​អភិវឌ្ឍ​ជនបទ​ប្រទេស​វៀតណាម បាន​បង្ហាញ​ឱ្យដឹងថា ត្រឹម​តែ​រយៈពេល ៦​ខែ​ដើមឆ្នាំ​ប៉ុណ្ណោះ​ផលិតផល​ឈើ​នាំចេញ ទទួលបាន​ចំណូល​រហូតដល់​ជាង ៥,៣០០​លាន​ដុល្លារ​អាមេរិក​។ ផលិតផល​ឈើ​ជាង ៤៥​ភាគរយ (45%) ត្រូវបាន​នាំ​ចូល​ទៅ​សហរដ្ឋអាមេរិក ដែល​ធ្វើឱ្យ​អាមេរិក​ឈរ​នៅ​លំដាប់​អ្នកទិញ​ឈើ​ច្រើន​បំផុត​ពី​វៀតណាម​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៩​នេះ​។ ទន្ទឹមគ្នានេះ ប្រទេស​វៀតណាម​ក៏​កំពុង​ពង្រីក​បន្ថែម​នៅ​ទំហំ​ការនាំចេញ​ឈើ​របស់​ខ្លួន​បន្ថែម​ផងដែរ​។​

​ជាមួយគ្នានេះ សម្រាប់​ផល​អនុផល​ព្រៃឈើ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​វិញ ត្រូវបាន​ឈ្មួញ​សម្រុក​ដឹកឈើ​ខុស​ច្បាប់​ជា​រៀងរាល់​ថ្ងៃ​យ៉ាង​ពេញបន្ទុក​សម្រុក​យកទៅលក់​ឱ្យ​ឈ្មួញ​វៀតណាម​យ៉ាងច្រេីនក្រស់ក្រែលតែម្តង៕ផ្សាយដោយគេទំព័រត្បូងឃ្មុំញូវtel012586505-0975558008

Leave A Reply

Your email address will not be published.